គណបក្សនយោបាយ
ជំពូក
៣ មេរៀនទី ១១ គណបក្សនយោបាយ
ក្នុងសង្គមប្រជាធិបតេយ្យ
គណបក្សនយោបាយជាច្រើននឹងចូលរួមប្រកួតប្រជែងគ្នាតាមរយៈការបោះឆ្នោត
ដើម្បីដឹកនាំរដ្ឋាភិបាល ។ ប្រទេសខ្លះមានគណបក្សតែមួយប៉ុណ្ណោះ
ប្រទេសខ្លះទៀតមានប្រព័ន្ធគណបក្សពីរ ចំណែកឯប្រទេសខ្លះទៀតមានប្រព័ន្ធគណបក្សនយោបាយច្រើន
ដូចជានៅកម្ពុជា ឥណ្ឌូណេស៊ី .
១- ប្រព័ន្ធគណបក្សនយោបាយ
បណ្ដាប្រទេសទាំងអស់នៅលើពិភពលោក
មានរបបនយោបាយមិនដូចគ្នាទេ ។ របបនយោបាយមាន ៖
➢
ប្រព័ន្ធឯកបក្ស ៖ មានគណបក្សនយោបាយតែមួយគត់សម្រាប់ដឹកនាំរដ្ឋាភិបាល
ដែលច្រើនជាប្រទេសកុម្មុយនិស្ត ឬផ្ដាច់ការ។ តំណែងទាំងអស់ក្នុងរដ្ឋាភិបាល
បានត្រូវបំពេញដោយសមាជិកគណបក្សកុម្មុយនិស្តតែមួយគត់
ហើយតួនាទីនិងភារកិច្ចរបស់មន្ត្រីរដ្ឋការ
គឺគ្មានការជំទាស់ប្រឆាំងណាមួយកើតឡើងឡើយ។ ប្រមុខរដ្ឋាភិបាល
គឺជាប្រធានគណបក្សនយោបាយ ។
ការខិតខំធ្វើការងាររបស់សមាជិកបក្សថ្នាក់ខ្ពស់ នឹងទទួលបានរង្វាន់ដូចជា
ការផ្ដល់លិខិតសរសើរ លំហែកម្សាន្ត អភ័យឯកសិទ្ធិ ពិសេសក្នុងការបើកហាង
ឬមន្ទីរពេទ្យឯកជន ។ មានតែប្រជាជនភាគតិចទេ ដែលជាសមាជិកគណបក្សពិតប្រាកដ
។
➢
ប្រព័ន្ធទ្វេបក្ស ៖ មានតែគណបក្សពីរគត់ ។
ទោះបីកើតមានគណបក្សតូច ៗ ផ្សេងទៀត
ក៏នៅមានឈ្មោះគណបក្សធំមួយក្នុងចំណោមគណបក្សធំពីរដែរ ។
ជាប្រព័ន្ធធ្វើការងារបានល្អណាស់ ។
ការផ្ទេរអំណាចប្រព្រឹត្តទៅដោយសន្តិភាព ។ បញ្ហាចោទគឺ
អាចរាំងខ្ទប់មតិយោបល់ ឬទស្សនៈរបស់ក្រុមតូច ៗ បាន ។ នៅសហរដ្ឋអាមេរិក
ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានយកចិត្តទុកដាក់តែទៅលើគណបក្សធំ ៗ តែប៉ុណ្ណោះ ។
➢
ប្រព័ន្ធពហុបក្ស ៖ មានគណបក្សច្រើនជាងពីរ
ដែលប្រជែងគ្នាដើម្បីដឹកនាំរដ្ឋាភិបាល ។ ប្រទេសកម្ពុជា
បានអនុវត្តន៍ប្រព័ន្ធនេះ ចាប់តាំងពី មានកិច្ចព្រមព្រៀងក្រុងប៉ារីស ២៣តុលា
១៩៩១មក ។ អត្ថប្រយោជន៍នៃប្រព័ន្ធនេះ គឺផ្ដល់ដល់ម្ចាស់សំឡេងឆ្នោតនូវការជ្រើសរើសប្រកបដោយគំនិតនយោបាយទូលំទូលាយ
បានន័យថាម្ចាស់ឆ្នោតអាចជ្រើសរើសគណបក្សមួយដែលខ្លួនពេញចិត្ត ។ ប៉ុន្តែផលអាក្រក់របស់ប្រព័ន្ធពហុបក្ស
គឺសំឡេងឆ្នោតបានបែងចែកទៅឲ្យគណបក្សជាច្រើនដែលមិនអាចរកសំឡេងគាំទ្រឲ្យបានគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាល
។ ជួនកាលគណបក្សដែលឈ្នះឆ្នោត គ្រាន់តែមានសំឡេងគាំទ្រច្រើនជាងគេ
ប៉ុន្តែគ្មានសំឡេងគាំទ្រភាគច្រើនទៅវិញ បើប្រៀបធៀបនឹងសំឡេងគាំទ្រសរុប
ដែលត្រូវចងសម្ព័ន្ធភាពជាមួយគណបក្សឯទៀត
ដើម្បីបូកសរុបសំឡេងគាំទ្រឲ្យបានភាគច្រើន ត្បិតអីគណបក្សដែលឈ្នះឆ្នោត
មិនប្រាកដថា មានសំឡេងគាំទ្រលើសពី ៥០ % ទើបអាចដឹកនាំរដ្ឋាភិបាលបាន ។ ផលអាក្រក់
នឹងកើតមានចំពោះការចង
សម្ព័ន្ធភាព ដើម្បីឲ្យបានសំឡេងគ្រប់គ្រាន់សម្រាប់បង្កើតរដ្ឋាភិបាល
គឺការខ្វែងគំនិតគ្នា អំពីការដឹកនាំរដ្ឋាភិបាល ដែលអាចទៅជាធ្ងន់ធ្ងរ
រហូតមិនអាចសម្រេចការងារបាន
អាចឈានដល់បរាជ័យនៃការបោះឆ្នោត ។
បណ្ដាប្រព័ន្ធគណបក្សទាំងបី
មានគោលដៅនៃគណបក្សនីមួយៗ មិនខុសគ្នាទេ
គឺមានគំនិតស្វែងរកការរីកចម្រើនឲ្យប្រទេសជាតិ
និងប្រជាជនរបស់ខ្លួនជានិច្ច ។
២.ការបង្កើតគណបក្សនយោបាយ
ការប្រកាន់យករបបប្រជាធិបតេយ្យសេរីពហុបក្ស
និងការអនុវត្តន៍នយោបាយគ្រប់គ្រងប្រទេសតាមគោលការណ៍
បានផ្ដល់សារប្រយោជន៍ដល់សង្គមជាតិជាច្រើនដូចជា
ការរស់នៅចុះសម្រុងគ្នារវាងក្រុមប្រជាពលរដ្ឋដែលមាននិន្នាការនយោបាយ
ឬទស្សនៈខុស ៗ គ្នា ការទប់ស្កាត់របបផ្ដាច់ការ ឬរបបគ្រប់គ្រងបក្ស ការផ្លាស់ប្ដូរមេដឹកនាំប្រទេសតាមរយៈការបោះឆ្នោត
ប្រជាពលរដ្ឋជាម្ចាស់អំណាចមានសិទ្ធិបង្កើតបក្ស ។
គណបក្សនយោបាយ
គឺជាក្រុមមនុស្សដែលមានគំនិត និងឆន្ទៈស្របគ្នា
ហើយរួបរួមគ្នាដោយស្ម័គ្រចិត្ត
តាមកិច្ចសន្យាបង្កើតឡើងនូវអង្គការមួយដែលមានលក្ខណៈអចិន្ត្រៃយ៍
និងស្វ័យភាពដើម្បីចូលរួមក្នុងឆាកនយោបាយស្របតាមច្បាប់ផ្សេងៗរបស់ជាតិ ។
នៅកម្ពុជាប្រជាពលរដ្ឋចំនួន៨០នាក់យ៉ាងតិច
ហើយដែលមានអាយុ ១៨ឆ្នាំឡើង មានសិទ្ធិផ្ដើមបង្កើតគណបក្សនយោបាយមួយបាន
ដោយគ្រាន់តែធ្វើលិខិតជាលាយលក្ខណ៍អក្សរជូនដំណឹងទៅក្រសួងមហាផ្ទៃ
ហើយក្រសួងមហាផ្ទៃត្រូវឆ្លើយតបជាលាយលក្ខណ៍អក្សរវិញថា
បានទទួលសេចក្ដីជូនដំណឹងនេះក្នុងរយៈពេលយ៉ាងយូរ១៥ថ្ងៃ ។
ក្រោយពីការសុំបង្កើតគណបក្សនយោបាយរួចហើយ
គណបក្សនេះត្រូវចាប់ផ្ដើមបោះឆ្នោតជ្រើសតាំងគណៈកម្មាធិការបណ្ដោះអាសន្នដែលមានសមាជិកយ៉ាងតិច៧រូប
ហើយម្នាក់ៗមានអាយុចាប់ពី២៥ឆ្នាំឡើងសម្រាប់រៀបចំលិខិតនិងបំពេញលក្ខខណ្ឌនៃការសុំចុះបញ្ជីគណបក្សនយោបាយ
ដើម្បីបានទទួលសុពលភាពចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ។
គណបក្សត្រូវរៀបចំលក្ខន្តិកៈនិងគោលបំណងនយោបាយសំខាន់ៗជាលាយលក្ខណ៍អក្សរ
ដោយក្នុងនោះមានឈ្មោះអក្សរពេញ អក្សរកាត់ និងសញ្ញាសំគាល់
អាសយដ្ឋាននៃទីស្នាក់ការ សិទ្ធិនិងភារកិច្ចរបស់សមាជិកបក្ស
រចនាសម្ព័ន្ធថ្នាក់ជាតិនិងថ្នាក់ក្រោមបន្តបន្ទាប់ បែបបទនៃការជ្រើសរើសគណៈកម្មាធិការនាយក
ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិរបស់គណបក្សនយោបាយ ។ល។
៣.ការបង្កើតគណបក្សនយោបាយ
ក.រចនាសម្ព័ន្ធគណបក្សនយោបាយ
អង្គការដឹកនាំរបស់គណបក្សនយោបាយនីមួយៗមាន
មហាសន្និបាត
ឬសមាជ
ក្រុមប្រឹក្សាជាតិ
ឬគណៈកម្មាធិការកណ្ដាល
គណៈកម្មាធិការនាយក
ឬគណៈកម្មាធិការអចិន្ត្រៃយ៍
គណៈកម្មាធិការអាជ្ញាកណ្ដាល
ឬគណៈកម្មាធិការត្រួតពិនិត្យ
នៅថ្នាក់កណ្ដាលក្រុមប្រឹក្សាជាតិ
ឬគណៈកម្មាធិការកណ្ដាលដែលដឹកនាំគណបក្ស មានប្រធានគណបក្សមួយរូប អនុប្រធាន
អគ្គហិរញ្ញិកមួយរូប ព្រមទាំងឥស្សរជនសំខាន់ៗមួយចំនួនទៀត ។
នៅតាមរាជធានីខេត្តនីមួយៗ ឬគណៈកម្មាធិការកណ្ដាលរាជធានីខេត្ត
ក្រុមប្រឹក្សាវិន័យ ឬក្រុមប្រឹក្សាវិវាទកម្មរាជធានីខេត្ត
នៅថ្នាក់ស្រុកវិញ ក៏ត្រូវមានយ៉ាងហោចណាស់គណៈកម្មាធិការប្រតិបត្តិស្រុក
ខណ្ឌ ។ ឈ្មោះអង្គការដឹកនាំរបស់គណបក្សនយោបាយគ្រប់ជាន់ថ្នាក់
អាចប្រែប្រួលអាស្រ័យទៅតាមការកំណត់របស់លក្ខន្តិកៈនៃគណបក្សនយោបាយនីមួយៗ
។
ខ.ការទទួលស្គាល់គណបក្សនយោបាយ
ដើម្បីទទួលបានសុពលភាព
ឬភាពស្របច្បាប់ គណបក្សនយោបាយនីមួយៗ ត្រូវចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ
ដោយត្រូវបំពេញលក្ខខណ្ឌមួយចំនួនដូចខាងក្រោម ៖
ពាក្យសុំចុះបញ្ជីគណបក្សនយោបាយដោយមានចុះហត្ថលេខាប្រធានគណបក្ស
ឈ្មោះជាអក្សរពេញ
អក្សរកាត់ និងសញ្ញាសំគាល់គណបក្ស
អាសយដ្ឋាននៃទីស្នាក់ការកណ្ដាលរបស់គណបក្ស
លក្ខន្តិកៈ
គណបក្សនយោបាយ
បទបញ្ជាផ្ទៃក្នុងគណបក្សនយោបាយ
បើមាន
សេចក្ដីថ្លែងការណ៍របស់គណបក្សនយោបាយស្ដីពីការគោរពច្បាប់ផ្សេងៗរបស់ជាតិ
បញ្ជីឈ្មោះសមាជិកយ៉ាងតិច
៤០០០នាក់ មកពីរាជធានីខេត្តមួយចំនួន ដោយបញ្ជាក់អាយុ ទីលំនៅ
ប័ណ្ណសមាជិកគណបក្សដែលមានបញ្ជាក់កាលបរិច្ឆេទនៃការចូលជាសមាជិកគណបក្ស
ជីវប្រវត្តិសង្ខេបរបស់ប្រធាន
ឬស្ថាបនិកចំនួន ៣នាក់យ៉ាងតិច
សេចក្ដីប្រកាសអំពីគណនីធនាគារ
បង្កាន់ដៃថ្លៃអាករចុះបញ្ជីគណបក្សនយោបាយ
ក្រសួងមហាផ្ទៃនឹងចុះពិនិត្យខ្លឹមសារនៃសំណុំឯកសារដែលបានដាក់សុំដោយគណបក្សនយោបាយ
។
ប្រសិនបើសំណុំឯកសារនោះមានលក្ខណៈគ្រប់គ្រាន់ត្រឹមត្រូវតាមច្បាប់ផ្សេងៗដូចជា
ច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីគណបក្សនយោបាយហើយ
ក្រសួងមហាផ្ទៃឆ្លើយតបយល់ព្រមទទួលចុះបញ្ជីគណបក្សនយោបាយនោះជាផ្លូវការ ។
៤.តួនាទីគណបក្សនយោបាយ
នៅក្នុងសង្គមប្រជាធិបតេយ្យ
គណបក្សនយោបាយនីមួយៗ មានតួនាទីរៀបចំដំណើរការគ្រប់គ្រង ដឹកនាំគណបក្ស
រៀបចំកម្មវិធីនយោបាយ និងគោលការណ៍ផ្សេងៗនៃគណបក្ស ដើម្បីអូសទាញ
លើកទឹកចិត្តឲ្យប្រជាពលរដ្ឋគាំទ្រគណបក្សរបស់ខ្លួន នៅពេលមានការប្រកួតប្រជែងគ្នាក្នុងការបោះឆ្នោត
។ គណបក្សនយោបាយដែលជាប់ឆ្នោតទទួលបានសំឡេងគាំទ្រច្រើននៅពេលបោះឆ្នោត
នឹងបានតួនាទីជាគណបក្សកាន់អំណាចនិងដឹកនាំកិច្ចការរដ្ឋទូទៅតាមកម្មវិធីនយោបាយ
ដែលបានកំណត់នៅមុនពេលបោះឆ្នោត ។ រីឯគណបក្សនយោបាយដែលទទួលបានសំឡេងគាំទ្រតិច
ឬគណបក្សចាញ់ឆ្នោត មានតួនាទី
តាមដានមើលដំណើរការនៃការដឹកនាំរបស់រាជរដ្ឋាភិបាល
ទទួលព័ត៌មានពីប្រជាពលរដ្ឋហើយលើកសំណើផ្សេងៗដល់រដ្ឋាភិបាលដែលពុំទាន់បានបម្រើផលប្រយោជន៍របស់ប្រជាជនបានល្អនៅឡើយ
។ គណបក្សនយោបាយនីមួយៗ នឹងខិតខំផ្សព្វផ្សាយគោលនយោបាយរបស់ខ្លួន
ដើម្បីអូសទាញប្រជាពលរដ្ឋឲ្យគាំទ្រគណបក្សខ្លួននៅពេលបោះឆ្នោតលើកក្រោយៗទៀត
។
សំណួរ
1.
តើប្រទេសនីមួយៗបង្កើតគណបក្សនយោបាយដើម្បីអ្វី?
2. ក្នុងប្រព័ន្ធដឹកនាំឯកបក្ស
ទ្វេបក្ស និងពហុបក្ស តើប្រព័ន្ធដឹកនាំបែបណាដែលមានលក្ខណៈប្រជាធិបតេយ្យ ?
ព្រោះអ្វី ? ចំពោះអ្នកតើអ្នកជ្រើសរើសយកប្រព័ន្ធគណបក្សនយោបាយណាមួយ? ហេតុអ្វី ?
3. តើប្រទេសណាខ្លះមានប្រព័ន្ធឯកបក្ស
ឬទ្វេបក្ស និងពហុបក្ស ? ចូរសិក្សាស្រាវជ្រាវ ?
4. តើនរណាខ្លះមានសិទ្ធិបង្កើតគណបក្សនយោបាយនៅកម្ពុជា
?
5. តើគណបក្សមួយដែលមានសមាជិកច្រើននៅក្នុងសភា
មានសិទ្ធិដូចម្ដេចខ្លះ ?